(ព្រះវិហារ)៖លោកពឹង ទ្រីដាប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានមានប្រសាសន៍អំពាវនាវអោយប្រជាកសិករងាកមកដាំដុះបន្លែតាមបែបបច្ចេកវិទ្យាថ្មី ព្រោះក្រៅពីបានផ្តល់នូវប្រាក់ចំណូលច្រើន គឺយើងអាចដាំដុះដោយមានលក្ខណះងាយស្រួលនិងអាចធ្វើបានពេញមួយឆ្នាំថែមទៀតផង៕
លោកពឹង ទ្រីដាបានមានប្រសាសន៍ថា៖ស្របពេលដែលបន្លែគ្រប់ប្រភេទត្រូវបាននាំចូលមកពីប្រទេសជិតខាងច្រើនក្នុងមួយថ្ងៃៗបាន ធ្វើអោយបងប្អូនប្រជាពលរដ្ឋមានការគិតមុននិងសម្រេចចិត្តទិញយកទៅបរិភោគ ការគិតរបស់ប្រជាពលរដ្ឋមុននិងទិញបន្លែដែលលក់នៅតាមទីផ្សានានាយកទៅបរិភោគនោះគឺគាត់ខ្លាចប៉ះពាល់ដល់សុខភាពក្រុមគ្រួសាររបស់គាត់ ដោយសារបន្លែដែលនាំចូលទាំងនោះគឺមានជាតិគីមីច្រើន៕ប៉ុន្តែបើបន្លែដែលប្រជាកសិករយើងដាំក្នុងស្រុក គឺបងប្អូនប្រជាពលរដ្ឋយើងទិញដោយមិនបាច់គិតពិចារណានោះទេ ហើយបច្ចុប្បន្ននេះបន្លែដែលដាំដុះក្នុងស្រុកគឺមានការលក់ដាច់ខ្លាំងជាងបន្លែដែលនាំចូលពីប្រទេសជិតខាង៕
លោកប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារបានមានប្រសាសន៍បញ្ជាក់ក្នុងឱកាសដែលលោករួមជាមួយក្រុមការងារចុះត្រួតពិនិត្យការដាំបន្លែតាមបែបបច្ចេកទេសថ្មីរបស់ប្រជាកសិករនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារថា៖បន្លែដែលប្រជាកសិករដាំតាមបែបបច្ចេកទេសថ្មី គឺជាបន្លែដែលគ្មានជាតិគីមី ដោយប្រើថង់កៅស៊ូគ្របពីលើ និងបានសន្សំសំចៃទឹកស្រោចស្រពបានច្រើន ហើយពួកគាត់អាចដាំដុះបានពេញមួយឆ្នាំដោយទទួលបានទិន្នផលខ្ពស់ និងបានបង្កើនប្រាក់ចំណូលលើកស្ទួយជីវភាពក្រុមគ្រួសារទៀតផង៕ដែលកត្តានេះលោកប្រធានមន្ទីរបានធ្វើការអំពាវនាវអោយប្រជាកសិករយើងដែលដាំដុះបន្លែតាមបែបលក្ខណះបុរាណងាកមកដាំដុះបន្លែតាមលក្ខណះបច្ចេកទេសថ្មីវិញ ព្រោះយើងអាចធ្វើបានពេញមួយឆ្នាំនិងងាយស្រួលថែទាំព្រមទាំងទទួលបានប្រាក់ចំណូលខ្ពស់ទៀតផង៕លោកពឹង ទ្រីដាក៍បានសំណូមពរអោយប្រជាកសិករយើងត្រូវដាំដុះបន្លែដោយឈរលើភាពស្មោះត្រង់ មិនមែនបន្លែដែលយើងដាំបានមានគេកុំម្មង់ទិញច្រើន ហើយបែជាយើងប្រើជីគីមីអោយឆាប់បានផលនោះក៍វាមិនល្អដែរ៕
កសិករឈ្មោះហេង គង់និងភរិយាឈ្មោះសំ ដៀតដែលជាកសិករគំរូ បានរៀបរាប់អោយដឹងថា៖កាលពីមុនគាត់ដាំដុះបន្លែតាមលក្ខណះបុរាណដូចកសិករផ្សេងៗទៀតនៅក្នុងភូមិដែរ តែដោយមានការយកចិត្តទុកដាក់ពីមន្ត្រីកសិកម្មដែលតែងតែចុះមកបង្រៀនពីរបៀបដាំដុះបន្លែតាមបែបលក្ខណះបច្ចេកទេសថ្មី គាត់ក៍មានការចាប់អារម្មណ៍ហើយក៍អនុវត្តន៍តាមតែម្តង រហូតមកដល់ពេលនេះគាត់យល់ច្បាស់ ព្រមទាំងធ្វើការវិភាគថ្លឹងថ្លែងឃើញថា ការដាំដុះបន្លែតាមលក្ខណះបុរាណ គឺមានការពិបាកថែទាំជាងការដាំដុះបន្លែតាមបែបបច្ចេកទេសថ្មីឆ្ងាយណាស់ ហើយសព្វថ្ងៃនេះគាត់មានការសប្បាយចិត្តណាស់ដោយសារមានឈ្មួញបញ្ជារកុំម្មង់ទិញបន្លែគាត់យកទៅលក់នៅទីផ្សារមានចំនួនកើនឡើង៕