ខេត្តព្រះវិហារ៖ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៩ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯ.ឧ លី ផល្លា រដ្ឋលេខាធិការ ឯ.ឧ ចាន់ ចេស្តា អនុរដ្ឋលេខាធិការ បានចុះជួបសំណេះសំណាលកសិករដាំបន្លែ នៅក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ កសិករដាំបន្លែជាជីពក្នុងក្រុមស្ថាពរនេះមាន ០៦ គ្រួសារ ដោយដាំបន្លែរចំរុះរួមមាន ត្រសក់ ត្រឡាច ននោង ម្រះ ត្រកួន និងស្ពៃ គ្រប់មុខ ដោយដាំពេញមួយឆ្នាំ។ ក្នុងមួយគ្រួសារគាត់ទទួលបានប្រាក់ចំណូលជាមធ្យម ចន្លោះពី ៦ ទៅ ៨ លានរៀល ក្នុងមួយឆ្នាំពីការលក់បន្លែរ។ ពួកគាត់ជាកសិករទទួលផល របស់ គម្រោងបន្លែផ្លែឈើកម្ពុជា (CHAIN II) សហការណ៍ និងគាំទ្របច្ចេកទេសដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។
សហគមន៍កសិកម្មកែលំអរជីវភាពរស់នៅ ក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ៖
ថ្ងៃ ពុធ ០៣ រោចខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមករាឆ្នាំ២០១៩ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯ.ឧ លី ផល្លា រដ្ឋលេខាធិការ ឯ.ឧ ចាន់ ចេស្តា អនុរដ្ឋលេខាធិការ បានចុះជួបសំណេះសំណាលក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មកែលំអរជីវភាពរស់នៅ។ គោលបំណង ដើម្បីស្វែងយល់ពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈមរបស់សហគមន៍ នាពេលកន្លងមកក្នុងការអនុវត្តន៍កសិកម្មតាមកិច្ចសន្យា (Contract Farming) លើស្រូវសរីរាង្គ ជាមួយក្រុមហ៊ុន Amru Rice។
សហគមន៍បានបង្កើតឡើងក្នុង ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០០៩ តាមរយ:ក្រុមសន្សំប្រាក់មានសមាជិក ១៦ នាក់ ដោយមានដើមទុន ១៦ ម៉ឺនរៀល។
បច្ចុប្បន្ន មានសមាជិក ២១០ នាក់ ស្រី ១៥៨ នាក់ ដោយមានដើមទុនសាច់ប្រាក់ ១១៣ លានរៀល ទុនអចលនទ្រព្យ ១៦៨ លានរៀ។
ជោគជ័យ: សហគមន៍បានជួយឲ្យសមាជិកមានទីផ្សារលក់ស្រូវ ទំនាក់ទំនងល្អជាមួយដៃគូរអភិវឌ្ឍន៍ និងសមាជិក សមាជិកា មានដីសាងសង់អគារ សម្របសម្រួលតំលៃស្រូវសរីរាង្គនិងផ្តល់ឥណ្ឌទានដល់សមាជិក។
បញ្ហាប្រឈម: នៅខ្វះខាតទុនសម្រាប់ទិញស្រូវស្តុកទុក និងខ្វះមធ្យោបាយសម្រាប់អាជីវកម្មសហគមន៍ ខ្វះប្រព័ន្ធស្រោចស្រពដល់សមាជិក ចំណេះដឹងប្រើប្រាស់បច្ចេកវិទ្យា របស់ក្រុមប្រឹក្សាភិបាលនៅមានកម្រិត។