ឆ្នាំនេះផ្លែល្ពៅរបស់កសិករ នៅខេត្តព្រះវិហារនៅតែមានតម្លៃល្អ សម្រាប់ទីផ្សារក្នុង និងក្រៅស្រុកច្រើន
ចេញ​ផ្សាយ ១៩ មិថុនា ២០១៩
366

ខេត្តព្រះវិហារ៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានលើកឡើងថា ដោយសារតែមានការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងក្រៅស្រុកទៅលើដំណាំល្ពៅ ទើបធ្វើឱ្យដំណាំល្ពៅរបស់កសិករក្នុងខេត្តព្រះវិហារ នៅតែមានតម្លៃខ្ពស់ គឺមួយគីឡូក្រាមមានតម្លៃ២,៥០០រៀល។

លោក ពឹង ទ្រីដា បានបន្តទៀតថា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះថា ដំណាំផ្លែល្ពៅរបស់ប្រជាកសិករ នៅខេត្តព្រះវិហារ ត្រូវបានឈ្មួញកណ្តាល ចុះប្រមូលទិញដល់ចំការតែម្តងមានតម្លៃ ២,៥០០រៀលក្នុងមួយគីឡូក្រាម បើប្រៀបធៀបទៅបណ្តាឆ្នាំកន្លងទៅ គឺមានតម្លៃខ្ពស់ ហើយទិន្នផលក៏បានច្រើនផងដែរ គឺ១ហិកតាទទួលបានទិន្នផល២០,០០០តោន ទៅ២៥,០០០តោន។

លោក ពឹង ទ្រីដា បានបន្តថា ផ្លែល្ពៅរបស់កសិករខេត្តព្រះវិហារ ត្រូវបានឈ្មួញនាំទៅលក់នៅផ្សារនាគមាស នៅឯក្រុងភ្នំពេញ និងមួយផ្នែកទៀត នាំយកទៅលក់នៅប្រទេសថៃ ដោយសារប្រទេសថៃ គេយកផ្លែល្ពៅទៅចូលក្នុងរោងចក្រឧស្សាហកម្មកែឆ្នៃ ទៅជាផលិតផលផ្សេងៗ។ កត្តាដែលធ្វើឱ្យតម្លៃផ្លែល្ពៅរបស់ប្រជាកសិករ នៅខេត្តព្រះវិហារមានតម្លៃខ្ពស់ ដោយសារមានឈ្មួញកណ្តាល ចុះប្រមូលទិញច្រើន ទើបធ្វើឱ្យមានការប្រកួតប្រជែងតម្លៃទីផ្សារក្នុង និងក្រៅស្រុក ធ្វើឱ្យដំណាំល្ពៅមានតម្លៃខ្ពស់ ឯកសិករអ្នកដាំដុះក៏ទទួលផលចំណេញច្រើនដែរ។

លោកបញ្ជាក់ទៀតថា ផ្ទៃដីដាំដំណាំល្ពៅក្នុងខេត្តព្រះវិហារ មានប្រមាណ២,០០០ហិកតា ហើយកសិករដាំដំណាំល្ពៅនៅក្រុងព្រះវិហារ មាននៅស្រុកសង្គមថ្មី និងស្រុកគូលែន៕

ចំនួនអ្នកចូលទស្សនា
Flag Counter