សហគមន៍កសិកម្មចំនួន១១ ក្នុងខេត្តព្រះវិហារ បានចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវសរីរាង្គជូនក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា
ចេញ​ផ្សាយ ១៨ កក្កដា ២០១៩
186

(ព្រះវិហារ)៖ ស្រូវសរីរាង្គរបស់កសិករនៅខេត្តព្រះវិហារ ដែលជាខេត្តផលិតបានស្រូវសរីរាអង្គដ៏ធំជាងគេ ត្រូវបានក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វអេស៊ា ព្រមទទួលទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មចំនួន១១ នៅក្នុងខេត្តព្រះវិហារ ចំនួន២,០០០តោន សម្រាប់រដូវកាល ឆ្នាំ ២០១៩-២០២០ សម្រាប់នាំចេញទៅកាន់សហគមន៍អឺរ៉ុប។

ពិធីចុះអនុស្សារណៈយោគយល់គ្នា និងកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីបីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ រវាងសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វអេស៊ានេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីលោក គង់ ភាច ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ, លោក ចាន់ ពេជ្រ នាយកចាត់ការទូទៅក្រុហ៊ុនស៊ីកនេតឈ័រ អហ្វ អេស៊ា និងមានការចូលរួមពី លោក មិន សោភ័ណ ប្រធានអង្គការ AVSF តំណាងសហភាពសហគមន៍កសិកម្មព្រះវិហារ រួមនឹងតំណាងសហគមន៍កសិកម្មទាំង ១១ ផងដែរ។

លោក ពឹង ទ្រីដា បានថ្លែងថា ស្រូវនៅខេត្តព្រះវិហារ មានតម្លៃខ្ពស់ជាងបណ្តាខេត្តផ្សេងៗ តាមរយៈការចាប់ដៃគូផ្គត់ផ្គង់ស្រូវសរីរាង្គ ក្នុងក្របខ័ណ្ឌកសិកម្ម តាមកិច្ចសន្យាជាមួយក្រុមហ៊ុន ដោយកាលកន្លងមកស្រូវនៅខេត្តព្រះវិហារ តែងតែមានតម្លៃទាបជាងគេ ក្នុងរង្វង់៣០ទៅ៤០រៀល ក្នុងមួយគីឡូ ដោយសារកាលនោះ មិនទាន់មានក្រុមហ៊ុនដៃគូរចូលមកទិញនៅឡើយទេ។

លោក ពឹង ទ្រីដា ក៏បានផ្តាំឱ្យតំណាងសហគមន៍ទាំងអស់ត្រូវប្រជុំសមាជិកឱ្យដឹងថា ចាប់ពីថ្ងៃនេះទៅស្រូវមានម្ចាស់ហើយ គឺជាប់កិច្ចសន្យាហើយ ត្រូវគោរពតាមកិច្ចសន្យាផ្គត់ផ្គង់ឲ្យក្រុមហ៊ុន។ កសិករត្រូវមានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន ត្រូវរក្សាគុណភាពស្រូវសរីរាង្គដោយមិនក្លែងបន្លំ ចៀសវាងការលក់ស្រូវឱ្យអ្នកផ្សេងៗ ដើម្បីឱ្យក្រុមហ៊ុន អាចប្រមូលទិញបានគ្រប់ចំនួនតាមកិច្ចសន្យាជាមួយអ្នកទិញខាងក្រៅ ហើយក៏សំណូមពរឱ្យក្រុមហ៊ុនឆាប់ ចុះប្រមូលទិញស្រូវនៅរដូវច្រូតកាត់ ដើម្បីកុំឱ្យកសិកររងចាំយូរ។

លោ ចាន់ ពេជ្រ បានលើកឡើងដែរថា នេះជាលើកទី៤ហើយ ដែលក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វអេស៊ា បានចុះកិច្ចសន្យាទិញស្រូវសរីរាង្គ ពីសហគមន៍កសិកម្មនៅក្នុងខេត្តព្រះវិហារ ដោយលើកដំបូងនោះ ក្រុមហ៊ុនបានចុះកិច្ចសន្យានៅឆ្នាំ២០១៦ កាលនោះធ្វើការចុះបញ្ជាទិញត្រឹមតែ ១,០០០ តោនប៉ុណ្ណោះ ដោយឡែកក្នុងរដូវកាល ២០១៩-២០២០ នេះក្រុមហ៊ុន ព្រមទទួលទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មចំនួន ១១ នៅក្នុងខេត្តព្រះវិហារនេះ រហូតដល់ ២,០០០តោន ដោយសង្ឃឹមថា ស្រូវសរីរាង្គនៅរដូវប្រមូលផលឆ្នាំថ្មីនេះ នឹងមានតំលៃថ្លៃជាងឆ្នាំទៅ។

លោក ចាន់ ពេជ្រ បានបន្តទៀតថា ក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា មិនត្រឹមតែទិញស្រូវសរីរាង្គតែមមួយមុខប៉ុណ្ណោះទេ គឺទិញផលិតផលផ្សេងៗទៀត មានដូចជា សណ្តែកសៀង សណ្តែកបាយ រមៀត ម្រេច ល្ង សរីរាង្គ ពីកសិករនៅតាមបណ្តារខេត្តផ្សេងៗទៀត ដើម្បីចូលរួមធ្វើឲ្យវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពរីកចម្រើន និងជួយដល់កសិករឲ្យបានខ្លាំងក្លាជាងមុន។ ក្រុមហ៊ុនទើបតែបង្កើតនូវគំរូអាជីវកម្មថ្មីមួយ ដែលមានឈ្មោះថា «ភាពជាដៃគូរ ក្នុងខ្សែសង្វាក់ផលិតកម្មកសិកម្ម និងខ្សែសង្វាក់តម្លៃ» ក្នុងគំរោងអាជីវកម្មថ្មីនេះ ក្រុមហ៊ុនធ្វើការសហការជាមួយដៃគូរអភិវឌ្ឍន៍ផ្សេងទៀត ដូចជាក្រុមហ៊ុនផលិតពូជ ក្រុមហ៊ុនផ្តល់បច្ចេកទេសកសិកម្ម ក្រុមហ៊ុនធាតុចូលកសិកម្ម ស្ថាប័នមីក្រូហិរញ្ញវត្ថុ អង្គការជាតិ អន្តរជាតិនានា ដើម្បីធ្វើឲ្យកសិកម្មកាន់តែមានការរីកដុះដាល។

លោក គង់ ភាច បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរពីបញ្ហាទីផ្សារកសិកម្ម សម្រាប់កសិករ ដើម្បីឱ្យកសិករមានជីវភាពល្អប្រសើរឡើង ដូចជាថ្ងៃនេះក្នុងក្របខ័ណ្ឌកសិកម្មតាមកិច្ចសន្យា ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់គ្រប់ភាគី ចំណែកភាគីកសិករមិនបារម្មណ៍លើបញ្ហាកង្វះទីផ្សារទៀតឡើយ ដោយសារទីផ្សារបានមកដល់ផ្ទះរបស់បងប្អូនប្រជាកសិករ។

លោក គង់ ភាច បន្តទៀតថា តម្លៃកសិផលភាគច្រើនបានកំណត់ដោយមាត់ឈ្មួញ និងមិនមានភាពច្បាស់លាស់ ឬមានការធានាទិញដូចកសិកម្មតាមកិច្ចសន្យានេះទេ ព្រោះក្រុមហ៊ុនដែលបញ្ជាទិញ គេមានកិច្ចសន្យាផ្គត់ផ្គង់ ទៅទីផ្សារអន្តរជាតិដោយផ្ទាល់ ហេតុដូច្នេះហើយការដែលមានកិច្ចសន្យាកសិកម្មនេះ គឺធ្វើឱ្យឈ្មួញពិបាកក្រឡុកទីផ្សារតាមចិត្តដែលគេចង់បានណាស់៕

ចំនួនអ្នកចូលទស្សនា
Flag Counter