នៅព្រឹកថ្ងៃសៅរ៍ ៩ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជេីញជាអធិបតី ក្នុងការប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ អាណត្តិទី៥ (២០១៩-២០២៥) ដែលពិធីនេះធ្វើឡើងក្នុងបរិវេណសាលប្រជុំសាលាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន ២៦១ នាក់។ ក្នុងអង្គសន្និបាតអាណត្តិទី៥នេះដែរ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំងឯកឧត្តម មាស សុភា ជាប្រធានកិត្តិ យសសាខា និងអនុប្រធានកិត្តិយសសាខា សរុបចំនួន ៣១នាក់។ សមាជិក សមាជិកាពេញសិទ្ធិបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ ដែលមានសមាសភាព ១៥នាក់ ក្នុងនោះបានបោះឆ្នោតជ្រើសរើស ឯកឧត្តម ប្រាក់ សុវណ្ណ ជាប្រធានគណៈកម្មាធិការសាខា,លោកជំទាវ ចឹក ហេង អនុប្រធានប្រចាំការ, លោក សំ លាងទ្រី អនុប្រធាន, លោក ពឹង ទ្រីដា អនុប្រធាន, លោក អ៊ាង វណ្ណថា ហេរញ្ញិក និងលោកស្រី ឈុន សុធារី ជាលេខាធិការគណៈកម្មាធិការសាខា។ គោលបំណងសំខាន់នៃសន្និបាតនេះគឺ ៖ ១/ ពិនិត្យនិងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥) ២/ ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥) ៣/ បោះឆ្នោតជ្រើសរើសគណៈកម្មា ធិការសាខាអាណត្តិទី៥ ៤/ ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខាអាណត្តិទី៥។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ អាណត្តិទី៥ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំដូចខាងក្រោម ៖ ១-ពង្រឹងអភិបាលកិច្ចល្អ ២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព ៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ៤-ខិតខំពង្រឹងពង្រីក អភិវឌ្ឍកម្លាំងចលករ រួមមានយុវជន និងអ្នកស្ម័គ្រចិត្តកក្រក ឱ្យកាន់តែសកម្មថែមទៀត ៥-ខិតខំអភិវឌ្ឍសាខា អនុសាខា ឱ្យនៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ។ សូមបញ្ជាក់ដែរថា នៅរសៀលថ្ងៃដដែលនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការដឹកនាំ និងគ្រប់គ្រងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ អាណត្តិទី៥ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ គណៈកម្មាធិការសាខា និងអនុសាខាទាំង៨ស្រុក/ក្រុង សរុបចំនួន ៦៩ នាក់ផងដែរ៕