ខេត្តព្រះវិហារ ស្រុកត្បែងមានជ័យ ៖
កាលពីព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩អភិបាលខេត្តព្រះវិហារលោកប្រាក់សុវណ្ណបានណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធចុះជួយសង្គ្រោះសត្វជ្រូកជាច្រើនពាន់ក្បាលនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង។កសិដ្ឋានស្ថិតនៅភូមិស្រែព្រាងឃុំប្រមេរុស្រុកត្បែងមានជ័យខេត្តព្រះវិហារដែលរងការលិចលង់ដោយទឹកជំនន់។
ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩អាជ្ញាធរខេត្តព្រះវិហាររួមជាមួយលោកពឹងទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបានដឹកនាំអាជ្ញាធរស្រុកត្បែងមានជ័យកម្លាំងនគរបាលស្រុកត្បែងមានជ័យ។កម្លាំងកងរាជអាវុធហត្ថជាច្រើននាក់បានចុះជួយសង្គ្រោះសត្វជ្រូកជាច្រើនក្បាលនៅក្នុងកសិដ្ឋាន ដែលរងការលិចលង់ដោយទឹកជំនន់។
លោកវរសេនីយ៍ទោរិទ្ធសូណាអធិការនគរបាលស្រុកត្បែងមានជ័យបានឱ្យដឹងថារហូតមកដល់រសៀលថ្ងៃទី១០ខែកញ្ញានេះសកម្មភាពសង្គ្រោះសត្វជ្រូកនៅតែបន្ត។លោកបញ្ជាក់ទៀតថាក្នុងចំណោមសត្វជ្រូកចំនួន៣.៦០០ក្បាលគឺមានការបាត់បង់ប្រមាណ៦០០ក្បាល។ក្រៅពីនោះនៅសល់ប្រហែល១០០០ក្បាលទៀតយើងកំពុងតែធ្វើការសង្គ្រោះទៅកាន់ទីទួលសុវត្ថិភាពអាចព្រលប់ថ្ងៃនេះនិងត្រូវបញ្ចប់សកម្មភាពសង្គ្រោះហើយ។
លោក កាំង មីងសេង ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកលោកសូមថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តព្រះវិហារមន្ទីរកសិកម្មខេត្តអាជ្ញាធរស្រុកត្បែងមានជ័យនិងកម្លាំងសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួមជួយសង្គ្រោះសត្វជ្រូករបស់គាត់ឱ្យផុតពីការបាត់បង់ដោយសារទឹកជំនន់៕