(ព្រះវិហារ)៖ សម្ភារជាច្រើនមុខ ដែលបម្រើឱ្យការងារល្បាតព្រៃ សម្រាប់ការពារធនធនាធម្មជាតិ ត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ នាំយកទៅប្រគល់ជូនសហគមន៍ ព្រៃឈើចំនួន៤ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ពឹង ទ្រីដា បានថ្លែងថា ថ្ងៃនេះសហគមន៍ព្រៃឈើចំនួន ៤បន្ថែមទៀត ត្រូវបានទទួលសម្ភារគាំទ្រដល់ការល្បាតព្រៃ បន្ទាប់ពីសហគមន៍ចំនួន៦ បានទទួលសម្ភាររួចហើយកាលពីខែមុន ក្នុងនោះសហគមន៍២ នៅស្រុកគូលែន និងសហគមន៍៤ទៀត ស្ថិតក្នុងស្រុកឆែប។
លោក ពឹង ទ្រីដា បានបញ្ជាក់ឱ្យដឹងថា សម្ភារដែលគាំទ្រដល់ការល្បាតព្រៃនេះ បានមកពីថវិកាកម្មវិធី របស់រាជរដ្ឋាភិបាលឆ្នាំ២០១៩។ ដែលសម្ភារទាំងនោះរួមមាន៖ អង្រឹងប៉ារ៉ា ស្បែកជើងប៉ាត់តា អាវភ្លៀង សាក់កាដូប៉ារ៉ា ពិល តង់កូរ៉េ ក្រម៉ា GPS តុ កៅអីនិងសម្ភារការិយាល័យសរុបចំនួន ១៤មុខ។
ប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ទៀតថា សហគមន៍ព្រៃឈើដែលទទួលបានរួមមានទី១៖ សហគមន៍ព្រៃឈើដីក្រហម មានផ្ទៃដីទំហ៊ំ១១៩៦ហិកតា ស្ថិតក្នុងស្រុកជាំក្សាន្ត, ទី២៖ សហគមន៍ព្រៃឈើភ្នំរ៉យថ្នល់កោងមានផ្ទៃដីទំហ៊ំ១៥៨៣ហិកតា ស្ថិតក្នុងស្រុករវៀង, ទី៣៖ សហគមន៍ព្រៃឈើ សំព្រាងព្រៃស្នួល មានផ្ទៃដី២២៩ហិកតា ស្ថិតក្នុងស្រុករវៀង និងទី៤៖ សហគមន៍ព្រៃឈើបុស្សគីរី មានជ័យមានផ្ទៃដី ៤៥៩ហិកតា នៅស្រុករវៀង។
លោក ពឹង ទ្រីដា បានឱ្យដឹងថា សហគមន៍ព្រៃឈើដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម មានចំនួន៤៨សហគមន៍។ ជាមួយគ្នានោះ លោកបានធ្វើការណែនាំ ដល់សហគមន៍ ដែលទទួលបានសម្ភារៈ និងថវិកានៅពេលនេះ ត្រូវរៀបចំកម្មវិធីចុះល្បាត ដោយសហការជាមួយកងកម្លាំង ជាពិសេសមន្ត្រីសង្កាត់ និងមន្ត្រីផ្នែកសហការគ្នាចុះល្បាត ម្យ៉ាងវិញទៀតត្រូវចូលរួមដើរវាយផ្លាកព្រំប្រទល់ សហគមន៍ឱ្យបានច្បាស់លាស់ងាយស្រួលក្នុងការថែរក្សា៕