នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកាសាធារណៈប្រចាំឆ្នាំស្តីពី “កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងសម្បទានដីសេដ្ឋកិច្ច” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ១៦ មករា ២០២០
116
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានរៀបចំវេទិកាសាធារណៈប្រចាំឆ្នាំស្តីពី “កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងសម្បទានដីសេដ្ឋកិច្ច” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា តំណាងក្រុមហ៊ុនឯកជន អង្គការជាតិ-អន្តរជាតិ សមាជិក សមាជិកាប្រមាណ ៥៥០នាក់។ ជារៀងរាល់ឆ្នាំក្រសួងបានរៀបចំវេទិកានេះឡើងគឺដើម្បីពិនិត្យ និងវាយតម្លៃលើរាល់សមិទ្ធផលដែលសម្រេចបាននាឆ្នាំកន្លងមក ពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច គម្រោងអភិវឌ្ឍវិស័យកសិកម្ម លើកយកបញ្ហាប្រឈមមកពិនិត្យនិងដោះស្រាយ ទទួលយកនូវអនុសាសន៍ មតិ យោបល់ ចំណោទសួរពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំចងក្រងជាយុទ្ធសាស្រ្ត ឬយន្តការដោះស្រាយឲ្យបានស៊ីជម្រៅ ទាន់ពេល និងមានប្រសិទ្ធភាពនូវរាល់បញ្ហាពាក់ព័ន្ធនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចផងដែរ។ ម៉្យាងវិញទៀត វេទិកានេះបានផ្តល់ឪកាសឲ្យគ្រប់ភាគីមានជាអាទិ៍៖ ក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល តំណាងសមាគម សហគមន៍ទាំងអស់បានមកធ្វើការចែករំលែកនូវរាល់ចំណេះដឹង បទពិសោធន៍ ផ្តល់ជាគំនិត យោបល់ ឬយុទ្ធសាស្រ្តល្អៗក្នុងការអភិវឌ្ឍ ការការពារ និងគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដែលធាតុចូលដ៏មានតម្លៃទាំងនេះ គឺជាគន្លឹះ ឬជាត្រីវិស័យសម្រាប់យើងទាំងអស់គ្នាដើរឲ្យដល់គោលដៅគឺធ្វើយ៉ាងណាសម្រេចឲ្យបានចក្ខុវិស័យក្នុងការអនុវត្តគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ជាពិសេសកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣រួមចំណែកអភិវឌ្ឍវិស័យកសិកម្ម កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង ការនាំចេញ និងកំណើនប្រាក់ចំណូលក្នុងគ្រួសារ។ ជាកិច្ចចាប់ផ្តើមឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំវេទិកាសាធារណៈនា ពេលនេះបានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងផែនការសកម្មភាពសម្រាប់អនុវត្តបន្ត។ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង លោកបានថ្លែងអំណរគុណជូនចំពោះវត្តមានសមាជិក សមាជិកានៃអង្គពិធី និងវាយតម្លៃខ្ពស់ចំពោះគ្រប់គាភីពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកអស់កំលាំងកាយ ចិត្ត និងស្មារតីទទួលខុសត្រូវក្នុងការចូលរួម គាំទ្រ ផ្តល់ជាគំនិត និងកិច្ចសហការបានយ៉ាងល្អប្រសើរ ធ្វើឲ្យក្រសួងសម្រេចទទួលបានសមិទ្ធផលធំៗជាច្រើនដូចអ្វីដែលឯកឧត្តម ម៉ម អំណត់ បានរំលេចជូនអង្គពិធីបានជ្រាបខាងដើម។ តែទោះជាយ៉ាង ណា យើងទទួលស្គាល់ហើយថាវិស័យកសិកម្ម មានការអភិវឌ្ឍរីកចម្រើនទៅបាន ល្គឹកណាក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងៗជាច្រើនទៀតចូលរួមគាំទ្រ និងសហការឲ្យបានពេញលេញបន្ថែមទៀតតាមគ្រប់ស្ថានការណ៍ ដោយឈរលើទិសដៅ និងប្រយោជន៍រួមតែមួយគឺសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ការធ្វើយន្តូបនីយកម្មកសិកម្ម ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំ សត្វនិងវារីវប្បកម្ម ការគ្រប់គ្រងសម្បទាដីសដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ធានាចីរភាពបរិស្ថាន និងធនធានធម្មជាតិ ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារ រួចឈានទៅសម្រេចឲ្យបាននូវមហិច្ឆិតារបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។ នាឳកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបកស្រាយនូវសំណួរ និងដោះស្រាយបញ្ហាមួយចំនួនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ក្រសួង និងដោយឡែកចំពោះបញ្ហាផ្សេងទៀតទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពិនិត្យពិចារណាគិតគូដោះស្រាយជាលក្ខណប្រព័ន្ធដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ដោយឡែកភាពអសកម្ម បញ្ហាប្រឈម និងសំណូមពរមួយចំនួនដែលកើតចេញពីការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឲ្យអគ្គលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ចរៀបចំប្រជុំអន្តរក្រសួងជាបន្ទាន់មួយដើម្បីស្វែងរកគន្លឹះដោះស្រាយឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
ចំនួនអ្នកចូលទស្សនា
Flag Counter