ចេញផ្សាយ ២២ កុម្ភៈ ២០២០
267
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំសិក្ខាសាលាស្តីពីការ "ការពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន។ ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ប្រតិភូរាជរដ្ឋាភិបាល លោក លោកស្រីប្រធានអង្គភាព និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត សមាជិក សមាជិកាសរុបជាង ២៥០នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួល និងអនុវត្តការពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានអានរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពដែលក្រុមការងារសម្រេចបានកន្លងមកមានជាអាទិ៍៖ ១. បានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់កណ្តាល ដែលមានអង្គភាពពាក់ពន្ធ័ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត។ ២. បានរៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការធ្វើវិសហមជ្ឈការផ្ទេរតាមបែបប្រតិភូកម្មនូវសេវាមុខងាររដ្ឋបាល ទៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងទៅការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក-ខណ្ឌនៅថ្នាក់ក្រោមជាតិ។ ៣. បានរៀបចំសម្របសម្រួល និងធ្វើបច្ចុប្បន្នភាពលើមុខងារសេវារដ្ឋបាល (វិស័យកសិកម្ម) បែបបទ ទម្រង់ពាក្យស្នើសុំ នីតិវិធី លក្ខខណ្ឌភ្ជាប់នានា បញ្ជីមុខងារបឋមលើវិស័យកសិកម្មឱ្យមានភាពសាមញ្ញ សម្រាប់ផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ។ ៤. បានរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធស្តីពីការធ្វើវិមជ្ឈការផ្ទេរតាមបែបប្រគល់នូវធនធានរួមមាន (មនុស្ស ថវិកា ទ្រព្យសម្បត្តិ) ភ្ជាប់ដោយមុខងារ និងបែបប្រគល់ភាពជាម្ចាស់ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ។
មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួង និងរូបលោកផ្ទាល់បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ក្នុងការអនុវត្តសកម្មភាពការងាររយៈពេល១ឆ្នាំកន្លងមកនេះ ហើយក៏ចូលរួមអបអរសាទរនូវសមិទ្ធផលដែលក្រុមការងារសម្រេចបានជាវិជ្ជមានដូចក្នុងរបាយការណ៍ខាងដើម។ ដោយឡែក សិក្ខាសាលានាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា គឺដើម្បីតម្រង់ទិសដៅអនុវត្តតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត តាមរយៈការលើកកម្ពស់សេវាសាធារណៈដោយភក្តីភាព និងមនសិការវិជ្ជាជីវៈរបស់មន្ត្រីរាជការដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឱ្យទៅជាអ្នកផ្តល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព និងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ រីឯកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការគឺមានគោលដៅបង្កើតប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រង ដើម្បីជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងធានាការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅឆ្លើយតបនឹងសេចក្តីត្រូវ ការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ពិតណាស់ថា កំណែទម្រង់ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាកំណែទម្រង់ដែលមានការប៉ះពាល់គ្រប់វិស័យទាំងផ្នែកស្ថាប័ន និងរបៀបរបបចាត់ចែងការងារនៅតាមវិស័យនីមួយៗ ដោយសារកំណែទម្រង់នេះតម្រូវឱ្យមានការផ្ទេរមុខងារ និងធនធាន ទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ។ ដើម្បីជំរុញដំណើរការកំណែទម្រង់នេះឱ្យកាន់តែរលូន គឺទាមទារឱ្យមានការបង្កើនការដឹកនាំ ការសម្របសម្រួលរវាងកំណែទម្រង់ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាមួយកម្មវិធីកំណែទម្រង់ផ្សេងៗទៀតមានជាអាទិ៍ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ រដ្ឋបាលសាធារណៈ ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ព្រមទាំងកម្មវិធីកំណែទម្រង់តាមវិស័យ សំដៅធានាឱ្យកម្មវិធីកំណែទម្រង់ទាំងនោះមានសង្គត្តិភាព ប្រទាក់ក្រឡាគ្នា ស៊ីចង្វាក់គ្នា និងគាំទ្រគ្នាទៅវិញទៅមក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ដើម្បីធានាដល់ដំណើរការនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នៃដំណើរការកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលានោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីជាធាតុចូលជូនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តបន្តដូចតទៅ៖
ទី១. ត្រូវធ្វើការពិភាក្សា បកស្រាយលើកហេតុផលឱ្យបានគ្រប់ជ្រុងជ្រោយអំពីចំណុចខ្លាំង ចំណុចខ្សោយ និងលើកទិសដៅអនវុត្តបន្តឱ្យបានសមស្របក្នុងបរិបទបច្ចុប្បន្ន។
ទី២. ត្រូវរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ បទដ្ឋានបច្ចេកទេស និងស្តង់ដាសេវាសម្រាប់ជាមូលដ្ឋានតម្រង់ទិសដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការអនុវត្តភារកិច្ច ដែលក្រសួងបានផ្ទេរ ហើយត្រូវចុះសម្របសម្រួលលើការងារគាំទ្រ នៃមុខងារដែលត្រូវបានធ្វើប្រតិភូកម្មពាក់ព័ន្ធនឹងបច្ចេកទេស សមត្ថភាព និងត្រួតពិនិត្យ វាយតម្លៃលើការផ្តល់សេវារដ្ឋបាល ដែលបានផ្ទេរតាមបែបប្រតិភូកម្មទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
ទី៣. គ្រប់អង្គភាពក្រោមឱវាទក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវពិគ្រោះយោបល់ និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចការចាំបាច់មួយចំនួនជាមួយរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ដើម្បីធានាលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។
ទី៤. ត្រូវខិតខំប្រឹងប្រែងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនកាលានុវត្តភាពក៏ដូចជាការរៀបចំផែនការយុទ្ធសាស្រ្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឆ្លើយតបទៅនឹងការប្រែប្រួលនាកាលៈ ទេសៈបច្ចុប្បន្ននេះ។
ទី៥- ត្រូវពង្រឹងវិន័យ និងរបៀបរបបធ្វើការងាររបស់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ឱ្យបានល្អប្រសើរ និងត្រូវចេះសម្របសម្រួល និងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីកុំឱ្យភាពមិនចុះសម្រុងគ្នានេះ ជះឥទ្ធិពលមិនល្អដល់ប្រសិទ្ធភាពការងារ និងការអនុវត្តនូវទិសដៅការងាររបស់ក្រសួង ជាពិសេសរបស់រាជរដ្ឋាភិបាល។