ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរៀបចំកិច្ចប្រជុំលើកទី២គណ:កម្មាធិការជាតិដើម្បីទប់ ស្កាត់ លុបបំបាត់ និងបង្ក្រាប ការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដីធ្វើជាកម្មសិទ្ធិ
ចេញ​ផ្សាយ ០៦ មីនា ២០២០
109

រាជថានីភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១០កើត ខែផល្លុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ គណ:កម្មាធិការជាតិដើម្បីទប់ ស្កាត់ លុបបំបាត់ និងបង្ក្រាប ការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដីធ្វើជាកម្មសិទ្ធិ បានរៀបចំកិច្ចប្រជុំលើកទី២ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ដែលជាប្រធានគណ:កម្មាធិការ។ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញចូល រួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត អភិបាលរងខេត្ត ឯកឧត្តមថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធរដ្ឋបាលព្រៃឈើ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះមានគោលបំណងធ្វើការត្រួតពិនិត្យ តាមដាន និងវាយ តម្លៃលើលទ្ធផលសម្រេចបានពីការអនុវត្តច្បាប់ អនុក្រឹត្យ និងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងប្រមូលយកនូវរាល់មតិ បទពិសោធន៍ពីគ្រប់សមាជិកគណ:កម្មាធិការ អាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំជាយុទ្ធសាស្រ្តដោះស្រាយជាប្រព័ន្ធនូវរាល់បញ្ហាដែលកំពុងតែកើតមានទាក់ទងការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើរបស់រដ្ឋ វាទយកដីធ្វើជាកម្មសិទ្ធិ។ នាឱកាសនេះ គណ:កម្មាធិការជាតិក៏បានជម្រាបជូនផងដែរថា ជារួមក្នុងការអនុវត្តនីតិវិធីកន្លង មកឃើញថាបើទោះបីមានច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយដីធ្លីរបស់រាជ រដ្ឋាភិបាល ប៉ុន្តែបញ្ហារំលោភកាន់កាប់ដីព្រៃឈើរបស់រដ្ឋនៅតែកើតមានជាបន្តបន្ទាប់តាមគ្រប់រូបភាពជាអាទិ៍៖ ការកាប់រានដីព្រៃឈើធ្វើកសិកម្ម ពាណិជ្ជកម្ម សង់លំនៅឋាន ជនមានអំណាចបំផុសចលនាប្រជាពលរដ្ឋក្រីក្រឱ្យកាប់ទន្ទ្រាញដីព្រៃឈើរួចធ្វើលិខិតទិញលក់ ផ្ទេរកម្មសិទ្ធិដោយ មានការបញ្ជាក់ទទួលស្គាល់ពីរដ្ឋអំណាច។ បញ្ហាទាំងអស់នេះ គឺជាចំណោទធ្ងន់ធ្ងរ ស្មុគស្មាញ ប្រទាក់ក្រឡាគ្នា ដែលធ្វើឱ្យគណ:កម្មាធិការជាតិមានការបារម្ភចំពោះការបាត់បង់ធនធានដីព្រៃឈើជាតិយើងនាពេលអនាគត។ ក្នុងនាមប្រធានគណ:កម្មាធិការជាតិ ឯកឧត្តមរដ្ឋមន្ត្រីបានទទួលយកនូវរាល់មតិ យោបល់ និងសំណូមពរពីគ្រប់សមាជិកគណកម្មាធិការដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់ជាគ្រឹះក្នុងការកសាងសេចក្តីព្រាងសារាចរណែនាំស្តីពីវិធានការទប់ស្កាត់ការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើរបស់រដ្ឋ វាទយកដីធ្វើជាកម្មសិទ្ធិ ហើយឯកឧត្តមប្រធានបានលើកទឹកចិត្តដល់សមាជិកគណ:កម្មាធិការជាតិ អនុគណ:កម្មាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណ:អភិបាលខេត្ត ពិនិត្យទៅលើសេចក្តីព្រាងសារាចរនេះឱ្យបានលម្អិត ស៊ីជម្រៅ ទូលំទូលាយ ក្នុងរង្វង់ក្រុមការងារជំនាញ និងក្រុមអនុគណ:កម្មាធិការ ដើម្បីឱ្យសេចក្តីព្រាងនេះមានសុគតភាព តម្លាភាព និងសុក្រឹត្យភាព និងជាពិសេសស្របតាមខ្លឹមសារនៃលិខិតបទដ្ឋានគតិយុត្តដែលនៅជាធរមាន មុនដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

ចំនួនអ្នកចូលទស្សនា
Flag Counter