ចេញផ្សាយ ៣០ មីនា ២០២០
215
នៅរសៀលថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២០នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានធ្វើពិធីប្រគល់អំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុកទាំង៨ ក្នុងខេត្តព្រះវិហារ ក្នុងនោះរួមមាន៖អាល់កុល៤ កានស្មើ៨០លីត្រ និងសាប៊ូដុសខ្លួនចំនួន ៣២០ដុំ ម៉ាស់ ៥ ប្រអប់ ផ្ទាំងរូបភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីត១៩ សម្រាប់ចែក និងផ្សព្វផ្សាយបន្តនៅតាមក្រុងស្រុកនីមួយៗ ជាមួយអាជ្ញាធរស្រុក ឃុំ សង្កាត់ និងភូមិ ។
នៅក្នុងឱកាសនោះដែរឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី សាខា អនុសាខា ។ ឯកឧត្តមបានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងវិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីត១៩ ក្នុងខេត្តព្រះវិហារ ផងដែរ ព្រមទាំងសូមឲ្យបងប្អូនមន្ត្រីបុគ្គលិកទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់
ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង ។
ចុងបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានណែនាំដល់មន្រ្តីសាខា អនុសាខា ដែលត្រូវចុះផ្សព្វផ្សាយនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាមាន ការប្រុងប្រយ័ត្នផ្ទាល់ខ្លួនខ្ពស់ និងអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖
១.លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២.ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។
៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ៕