ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារទទួលខុសត្រូវសម្របសម្រួល និងដឹកនាំការងារ ទទួលខុសត្រូវប្រជាពលរដ្ឋខ្មែ មានទីលំនៅនៅខេត្តព្រះវិហារ ដែលវិលត្រឡប់មកពីប្រទេសថៃ
ចេញ​ផ្សាយ ៣១ មីនា ២០២០
223
នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារទទួលខុសត្រូវសម្របសម្រួល និងដឹកនាំការងារ ទទួលខុសត្រូវប្រជាពលរដ្ឋខ្មែ មានទីលំនៅនៅខេត្តព្រះវិហារ ដែលវិលត្រឡប់មកពីប្រទេសថៃ។ កិច្ចប្រជុំនេះរៀបចំឡើងនៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុកទាំង៨ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ថ្លែងនាឱកាសនោះ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានគូសបញ្ជាក់ថា ទោះបីមកដល់ពេលនេះខេត្តព្រះវិហារពុំទាន់មានបញ្ហាប្រឈមខ្លាំងទៅលើបញ្ហាជំងឺកូវីដ១៩នេះ យ៉ាងណាក៏ដោយ ក៏មានជួបប្រទះបញ្ហាជំងឺនេះចំនួន ២ករណី ជាពលរដ្ឋខ្មែរដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ីកន្លងទៅ ក្នុងបញ្ហានេះយើងក៏បានឆ្លើយតបបានទាន់ពេលវេលាភ្លាមៗ ដោយយកពួកគាត់ទៅព្យាបាល និងដាក់ដោយឡែកនៅអគារមួយនៃមន្ទីរពេទ្យបង្អែក១៦មករាខេត្ត។ ឯកឧត្តមបន្ដទៀតថា យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្ត អំពីទិន្នន័យ ប្រជាពលរដ្ឋ ឬពលករខ្មែរធ្វើចំណាកស្រុកមកពីបរទេស និងទើបមកពីបណ្ដាខេត្តផ្សេងៗ ចូលមកក្នុងខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែមីនានេះ បានបង្ហាញថា មានពលករខ្មែរមកពីបណ្ដា ប្រទេសផ្សេងៗសរុបចំនួន ៣៤៦នាក់ ស្រី ១៦៦នាក់ និងមានកុមារ ១០នាក់។ ដោយឡែក ពលករខ្មែរមកពីតាមបណ្ដាខេត្តក្នុងប្រទេសសរុបចំនួន ២៧៣នាក់ ក្នុងនោះស្រី ៩៦នាក់។ ជាមួយគ្នានេះឯកឧត្តម ស៊ូ សិរី ក៏បានស្នើដល់អាជ្ញាធរក្រុង ស្រុក ត្រូវទំនាក់ទំនង និងចូលរួមសហការជាមួយរដ្ឋបាលខេត្តជាប់ព្រំដែន ដូចជាខេត្តឧប៊ុនរាជធានី នៃប្រទេសថៃ ក៏ដូចជា ខេត្តចម្ប៉ាស័ក ប្រទេសលាវ ដោយត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋាន និងរាយការណ៍ជាប្រចាំថ្ងៃមករដ្ឋបាលខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនអំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។ បន្ថែមពីនេះត្រូវសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យជាប្រចាំតាមផ្ទះរបស់ប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីបណ្ដាប្រទេសផ្សេងៗ ដើម្បីធានាបានថា ពួកគាត់ អនុវត្តវិធានការណ៍ដាក់ខ្លូនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ បានត្រឹមត្រូវ និងស្របតាមនីតិវិធីដែលកំណត់ដោយក្រសួងសុខភិបាល។ ក្រៅពីនេះទៀត អាជ្ញាធរភូមិ ឃុំ-សង្កាត់ ស្រុក-ក្រុងទាំងអស់ ត្រូវសហការគ្នាបង្កើនសកម្មភាពបិទផ្សាយផ្ទាំងរូបភាព និងចាក់មីក្រូផ្សព្វផ្សាយសម្លេងអប់រំ របស់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់បានជ្រាប និងចូលរួមបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ នៅមូលដ្ឋានរៀងៗខ្លួន។
ចំនួនអ្នកចូលទស្សនា
Flag Counter