ដោយយោងតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីថា "ប្រជាពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជម្រុញផលិតកម្មកសិកម្មរួមមានការចិញ្ចឹមសត្វ ផលិតស្រូវ និងដំណាំ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ហ
ចេញ​ផ្សាយ ២៥ មេសា ២០២០
224
ដោយយោងតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីថា "ប្រជាពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជម្រុញផលិតកម្មកសិកម្មរួមមានការចិញ្ចឹមសត្វ ផលិតស្រូវ និងដំណាំ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ហើយឆ្លៀតយកឱកាសនេះត្រូវបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ខណ:យើងបិទការនាំ ចូលពីខាងក្រៅដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងសកលកូវីដ-១៩"។ ឆ្លើយ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញសេចក្តីណែនាំសំខាន់ៗ និងចាំបាច់បន្ទាន់មួយចំនួនដើម្បីបង្កើន និងពង្រឹងស្មារតីយកចិត្តទុក ដាក់លើការផលិត ធានាសន្តិសុខស្បៀងឱ្យបានគ្រប់គ្រាន់ឆ្លើយតបតាមតម្រូវការក្នុស្រុក ក្នុងកាលៈទេសៈដែលប្រទេសជាតិទទួលរងនូវហានិភ័យពីកូវីដ-១៩។ ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើលទ្ធផលនៃការអនុវត្តសេចក្តីណែនាំនេះ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំកិច្ចប្រជុំដើម្បីប្រមូលយកធាតុចូលសំខាន់ៗដែលអង្គភាពក្រោមឱវាទបាននិងកំពុងអនុវត្ត ជាពិសេសអង្គភាពសំខាន់៣ គឺអគ្គនាយកដ្ឋានកសិកម្ម (ផលិតកម្មស្រូវ និងដំណាំ) អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (ចិញ្ចឹមសត្វ) និងរដ្ឋបាលជលផល (វារីវប្បកម្ម) រួចដាក់ចេញផែនការសកម្មភាពអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ទីប្រឹក្សា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម សុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ អគ្គនាយកដ្ឋានកៅស៊ូ ប្រធានមន្ទីរទូទាំង២៥ រាជធានី-ខេត្ត និងអង្គភាពគ្រប់គ្រងគម្រោង។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងហេតុជារួមជូនអង្គប្រជុំបានជ្រាបបន្ថែមពីគោលបំណង នៃកិច្ចប្រជុំនាព្រឹកនេះ ដោយបានរំលេចអំពីឆន្ទ:របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការធានាសន្តិសុខស្បៀង បង្កើតឱកាស ចាប់យកកាលានុវត្តភាពដើម្បីបង្កើនផលិតភាពផលិតកម្មក្នុងស្រុក ធានាបរិមាណផ្គត់ផ្គង់តាមតម្រូវការក្នុងកាល:ទេស:បច្ចុប្បន្ន ។ ត្រៀមរៀបចំលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់ដើម្បីចាប់ផ្តើមការងារបង្កបង្កើនផលរដូវវស្សាដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ ហើយនាយកគ្រប់គ្រងគម្រោងទាំងអស់ត្រូវពិនិត្យឡើងវិញលើផែនការសកម្មភាព និងកម្មវត្ថុសំខាន់ៗក្នុងបំណងធ្វើយ៉ាងណាឆ្លើយតបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោឱ្យមានប្រសិទ្ធភាព។ ជាបន្តបន្ទាប់អង្គភាពជំនាញទាំង៣ អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផល រួមទាំងអង្គភាពគ្រប់គ្រងគម្រោងបានរាយការណ៍ជូនអង្គប្រជុំបានជ្រាបដោយសង្ខេបអំពីវឌ្ឍនភាពនៃការអនុវត្តសេចក្តីណែនាំរបស់ក្រសួងដោយបានរំលេចឱ្យឃើញពីលទ្ធផលសំខាន់ៗដែលសម្រេចបាន និងផែនការសកម្មភាពដែលត្រូវអនុវត្តបន្តទាំងសម្រាប់រយ:ពេលខ្លី មធ្យម និងវែង។ ក្រោយពេលបានស្តាប់របាយការណ៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអង្គភាពជំនាញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង អស់ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម សម្រេចទទួលបានលទ្ធផលល្អប្រសើរ ហើយពិតណាស់បានចូលរួមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីបានទាន់ពេលវេលា។ ដើម្បីចូលរួមទទួលខុសត្រូវក្នុងការធានាសន្តិសុខស្បៀង ក្នុងបរិបទដែលប្រទេសយើងកំពុងជួបវិបត្តិកូវីដ-១៩ ឯកឧត្តមរដ្ឋមន្ត្រីឆ្លៀតយកឱកាសនេះផ្តល់អនុសាសន៍ សំខាន់ៗមួយចំនួនបន្ថែមទៀត ក្រៅពីសេចក្តីណែនាំកន្លងមក ក្នុងនោះមាន៖ ទី១. ក្រៅពីការធ្វើប្រពលវប្បកម្មដំណាំស្រូវ ការធ្វើពិពិធកម្មដំណាំសំខាន់ៗមួយចំនួនគួរគិតផងដែរនូវការដាំបន្លែអតិផលជុំវិញផ្ទះ និងចិញ្ចឹមសត្វ ដើម្បីបង្កើនចំណូល ធានាសន្តិសុខស្បៀង បង្កើតឱកាសការងារ និងកាត់បន្ថយផលវិបាករបស់ប្រជាជនក្នុងកាលៈទេសៈនេះ។ ទី២. ប្រើប្រាស់នូវនវានុវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ដើម្បីឱ្យកសិករអាចគ្រប់គ្រងផលិតកម្មបាន។ ប្រើ ប្រាស់បច្ចេកវិទ្យាដែលប្រើប្រាស់ទឹកតិច គិតគូរអំពីហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់ក្រោយពេលប្រមូលផល (មានជម្រុក បច្ចេកទេសថែរក្សា និងការកែច្នៃជាដើម)។ រើសទីតាំងផលិតកម្មជិតប្រភពទឹក ដើម្បីរៀបចំឯកសារដាក់ជូន “មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ” ទទួលបានការអនុគ្រោះថ្លៃអគ្គិសនីសម្រាប់ការបូមទឹកនៅពេលយប់។ ទី៣. ជ្រើសរើសសហគមន៍ដែលមានសក្ដានុពល និងសមត្ថភាពគ្រប់គ្រាន់ក្នុងផលិតកម្មបន្លែក្នុងទ្រង់ទ្រាយធំ រៀបចំផែនការផលិត និងផ្គត់ផ្គង់ឱ្យស្របតាមតម្រូវការទីផ្សារ។ បង្កើតបណ្ដាញទី ផ្សារដើម្បីផ្សាភ្ជាប់អ្នកទិញ និងសហគមន៍ផលិត ក្នុងទិសដៅធ្វើឱ្យមាននិរន្តរភាពនៃការផ្គត់ផ្គង់ទីផ្សារតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ទី៤. ដោះស្រាយឱ្យមានប្រសិទ្ធភាព នូវសេចក្តីត្រូវការទាំងឡាយរបស់ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅទីជនបទដូចជាការបណ្តុះបណ្តាលបច្ចេសកសិកម្ម ការអភិវឌ្ឍសហគមន៍ ការលើក កម្ពស់កិច្ចការដាំដុះជាលក្ខណៈគ្រួសារ ការផ្តល់គ្រាប់ពូជ ជី ការបង្កើតធនាគារស្រូវ សហគ្រាសធុនតូចផ្នែកកសិ-ឧស្សាហកម្ម និងការកែលម្អវិធីផ្សព្វផ្សាយព័ត៌មានកសិកម្មឱ្យដល់ភូមិ-ឃុំ។ លើកទឹកចិត្តកសិករ អ្នកចំណាកស្រុកដែលវិលមកកម្ពុជាវិញ និងកម្មករដែលបាត់បង់ការងារឱ្យធ្វើកសិកម្មចម្រុះ (ការចិញ្ចឹមមាន់ ត្រី និងដាំបន្លែ)។ ទី៥. ត្រូវជំរុញការធ្វើពហុវប្បកម្មដំណាំចម្រុះ ការធ្វើដំណាំឆ្លាស់ និងជំរុញដំណាំកសិ-ឧស្សាហ កម្មសម្រាប់ផ្គត់ផ្គង់ ការបង្កើតសិប្បកម្មតូចៗ និងឧស្សាហកម្មនៅមូលដ្ឋានដើម្បីបង្កើនតម្លៃ បន្ថែម និងប្រាក់ចំណូល។ ជំរុញការដាំបន្លែ និងឈើហូបផ្លែដើម្បីធានាការហូបចុកក្នុងស្រុក និងជាជំហានៗឈានទៅជំនួសបន្លែនាំចូល។ ជំរុញការចិញ្ចឹមសត្វ និងវារីវប្បកម្មតាមគ្រប់រូបភាព ជាពិសេសការប្រើប្រាស់កញ្ចប់ថវិកាហិរញ្ញប្បទានពិសេស ៥០លានដុល្លាររបស់រាជរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ករណីនេះ អគ្គនាយកដ្ឋានពាក់ព័ន្ធត្រូវជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យកសិករ និងសហគមន៍កសិកម្មអាចខ្លីប្រាក់នេះបានយកមកប្រើ ប្រាស់ដើម្បីបង្កើនផលិតកម្មរបស់ខ្លួនកាន់តែរីកចម្រើនទ្វេរទៀត។ ទី៦. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំងអស់ ត្រូវសហការឱ្យបានសកម្មក្នុងការពង្រឹងរចនាសម្ព័ន្ធសហគមន៍កសិកម្ម ភ្នាក់ងារពេទ្យសត្វភូមិ សហគមន៍ព្រៃឈើ និងសហ គមន៍នេសាទ។ គ្រប់អង្គភាពត្រូវគិតគូរបន្ថែមទៀតអំពីការប្រើប្រាស់ថវិកាឱ្យបានសមស្របទៅ តាមអាទិភាពនៃសកម្មភាពដែលបានរៀបចំក្នុងផែនការថវិកាឆ្នាំ២០២០ នេះក្នុងស្មារតីសន្សំ សំចៃខ្ពស់។ ត្រូវត្រៀមរៀបចំលក្ខណ:សម្បត្តិឱ្យបានគ្រប់គ្រាន់ដើម្បីចាប់ផ្តើមការងារបង្កបង្កើន ផលឆ្នាំ២០២០-២០២១ ឱ្យបានទាន់ពេលវេលា។ ទី៧. អគ្គនាយកដ្ឋានសុខភាពសត្វ និងរដ្ឋបាលជលផល ត្រូវសហការធ្វើការជាយវិស័យឯកជន ក្នុងការផលិតចំណីសត្វ ការចិញ្ចឹមសត្វ និងត្រីធានាទាំងបរិមាណ និងគុណភាពដើម្បីបង្កើនផលិតភាពផលិតកម្ម ជាពិសេសបង្កើនដៃគូជាមួយកសិករ។ ទី៨. អង្គភាពអគ្គនាកដ្ឋានទាំង៣ រួមទាំងមន្ទីរទាំង២៥ រាជធានី-ខេត្ត ត្រូវសហការទប់ស្កាត់ការនាំចូល កសិផលខុសច្បាប់ ដើម្បីការពារតម្លៃកសិផលក្នុងស្រុក និងបើកឱកាសឱ្យផលិតករក្នុងស្រុក។ សូមអនុញ្ជាតជម្រាបជូនថា អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីណែនាំចំនួន៤ ដើម្បីឱ្យអង្គភាពជំនាញ អង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរយកទៅអនុវត្តឱ្យបានទាន់ពេលវេលា ដែលសេចក្តីណែនាំ (ស.ណ.ន) នោះមាន៖ ទី១. ស.ណ.ន លេខ១៣២ ចុះថ្ងៃទី២៦ ខែមីនា ស្តីពី "ការអនុវត្តវិធាន ការឆ្លើយតបជាបន្ទាន់របស់កម្មវិធី និងគម្រោងអភិវឌ្ឍនានាក្នុងបរិបទនៃការរាត ត្បាតជាសកលនៃជំងឺកូវីដ-១៩"។ ទី២. ស.ណ.ន លេខ១៥២ ចុះថ្ងៃទី០៣ ខែមេសា ស្តីពី "វិធានការជំរុញការងារបង្កបង្កើនផលកសិកម្មនៅក្នុងរដូវវស្សាឆ្នាំ២០២០- ២០២១"។ ទី៣. ស.ណ.ន លេខ១៥៩ ចុះថ្ងៃទី០៩ ខែមេសា ស្តីពី "ការពិនិត្យសន្និធិស្បៀងសម្រាប់ឆ្លើយតបទៅនឹងហានិភ័យនៃជំងឺកូវីដ- ១៩" និងទី៤. ស.ណ.ន លេខ១៦០ ចុះថ្ងៃទី១០ ខែមេសា ស្តីពី "វិធានការបន្ទាន់ដើម្បីដោះ ស្រាយបញ្ហានៃការធ្លាក់ចុះថ្លៃផលិតផលផ្លែស្វាយ"។
ចំនួនអ្នកចូលទស្សនា
Flag Counter