ចេញផ្សាយ ២៥ មេសា ២០២០
430
ខេត្តព្រះវិហារ÷ថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣នៅព្រឹកថ្ងៃដដែល ចេញពីក្រុមហ៊ុន ឆាយណាហ្គ្រេតខល ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យសកម្មភាពផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) នៅភូមិជីអោក ឃុំរម្យណី ស្រុករវៀង។
លោកនាយកក្រុមហ៊ុន អ៊ុន គឹមសាន បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា ក្រុមហ៊ុនធ្វើការអភិវឌ្ឍដំណាំស្វាយចន្ទីច្រើនឆ្នាំមកហើយលើផ្ទៃដីចំនួន ៨៥០ហត ហើយបច្ចុប្បន្នប្រមូលផលបានលើផ្ទៃដី ២៥០ហត ប្រើពូជ M23 ផ្តល់ទិន្នផលបាន ៤-៥តោន/ហត(បរិមាណផលអាស្រ័យទៅតាមរដូវកាល និងអាយុប្រមូលផល)។ នៅឆ្នាំ២០១៧ ចាប់ផ្តើមសាងសង់រោងចក្រកែច្នៃ វេចខ្ចប់ នាំចេញទៅកាន់ទីផ្សារចិនធំជាងគេ មានទីផ្សារអឺរ៉ុប កូរ៉េខាងត្បូងផងដែរ។ រោងចក្រអាចធ្វើការកែច្នៃបាន ១០តោន/ថ្ងៃ មានលទ្ធភាពហាលសម្ងួតបាន ៣៥តោន ដោយប្រើកំលាំងពលកម្ម១២០នាក់ (ភាគ ច្រើនជាស្រ្តី)។ មួយចំនួនធំនៃបរិមាណផលគ្រាប់ស្វាយចន្ទី ក្រុមហ៊ុនប្រមូលទិញពី ៣៥ សហគមន៍នៅទូទាំងខេត្តព្រះវិហារ។ ទិសដៅអនាគត ចង់ពង្រីកផ្ទៃដីដាំដុះឱ្យដល់ ១០០០ហត ត្រូវការផលស្រស់ ១០៥០០តោន/ឆ្នាំ ដើម្បីផលិតផលិតផលសម្រេចឱ្យបាន ៣០០០តោន/ឆ្នាំ។ ក្រៅពីផលិតផលស្វាយចន្ទី ក្រុមហ៊ុនគ្រោងនឹងបង្កើតរោងចក្រកែច្នៃផ្លែស្វាយដើម្បីនាំចេញនៅឆ្នាំ២០ ២១ ផងដែរ។ បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីមានតម្លៃ ៤៥០០រៀល/kg ប៉ុន្តែមុនសម័យកូវីដ-១៩ តម្លៃ ៦៥០០-៧០០០រៀល/kg។ គិតជាមធ្យមចំណូលប្រចាំឆ្នាំក្នុង ១ហត បាន ២០០០ដុល្លារ (អាស្រ័យលើពូជ គុណភាព និងទីផ្សារ)។ លោកនាយកក្រុមហ៊ុន ក៏បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីអំពីបញ្ហាប្រឈមមួយចំនួនផងដែរដូចជាតម្លៃអគ្គិសនី ការដឹក ជញ្ជូន និងបែបបទរដ្ឋបាលមួយចំនួន។
ចំណាយពេលចុះពិនិត្យ និងស្តាប់ការធ្វើបទបង្ហាញអំពីដំណើរការខ្សែច្រវាក់ផលិតកម្មកែច្នៃរួច មក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគធ្វើការអភិវឌ្ឍវិស័យផលិតកម្មស្វាយចន្ទីតាំងពីចំណុចចាប់ផ្តើម រហូតដល់ផលិតផលសម្រេចដើម្បីនាំចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចរបស់ក្រសួងក្នុង ការអភិវឌ្ឍបែបខ្សែច្រវាក់ផលិតកម្មពេញលេញ គ្រប់ជ្រុងជ្រោយពី A to Z ក្នុងបំណងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព សេវាកម្ម បង្កើតការងារ បង្កើនតម្លៃបន្ថែម ជម្រុញការនាំចេញ បង្កើតស្តង់ដារ និងធានាគុណភាព ដើម្បីធ្វើការប្រកួតប្រជែង និងបង្ហាញទីផ្សារអន្តរជាតិថាជាផលិតផលកម្ពុជា។ ទាំងនេះគឺជាឆន្ទ:របស់ក្រសួង ដូច្នេះក្រៅពីសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនទៀត ដើម្បីពង្រីកសក្តា នុពលផលិត កែច្នៃ និងបង្កើនបរិមាណនាំចេញ ដោយត្រូវធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ផលិត ដោយត្រូវសហការជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ត្រូវខិតខំស្វែងរកប្រភពឥណទានពីធនាគារអភិវឌ្ឍអាស៊ី ធនាគារពិភពលោក ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម។ល។ ដើម្បីពង្រីសមត្ថភាពផលិតនាពេលអនាគត។