នាថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅខេត្តព្រះវិហារ នៅក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកដំបូងនៅថ្នាក់ខេត្ត (មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ) សហការរៀបចំដោយក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមហ៊ុន SBK និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសហការី ។ គោលបំណងនៃសិក្ខាសាលាដើម្បី៖ (១)ផ្សព្វផ្សាយព័ត៌មានគម្រោងទៅសហគមន៍កសិកម្ម ក្រុមផលិត កសិ-ធុរកិច្ចខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ម្ចាស់សត្តឃាតដ្ឋាន ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនៅក្នុងតំបន់គោលដៅ (២) ផ្សព្វផ្សាយព័ត៌មាននៃការគាំទ្រហិរញ្ញប្បទានរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមមានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដល់អ្នកពាក់ព័ន្ធទាំងអស់ (៣) កំណត់អត្តសញ្ញាណរបស់សហគមន៍កសិកម្ម ក្រុមផលិត កសិ-ធុរកិច្ចខ្នាតតូច និងមធ្យម និងអ្នកពាក់ព័ន្ធ ដើម្បីរៀបសំណើធ្វើពិពិធកម្មកសិកម្ម និងផែនការអាជីវកម្ម ដែលនឹងទទួលបានហិរញ្ញប្បទានពីគម្រោង និងពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន និង (៤)ផ្សព្វផ្សាយព័ត៌មានគាំពារបរិស្ថាន និងសង្គម រួមទាំងលើកកម្ពស់យេនឌ័រ។ សមាភាពចូលរួមក្នុងសិក្ខាសាលានេះអញ្ជើញមកពីតំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ នេសាទខេត្តព្រះវិហារ សហគមន៍កសិកម្ម ក្រុមផលិត ម្ចាស់កសិ-ធុរកិច្ចខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនអ្នកផ្តល់សេវាបច្ចេកទេសSBK និងសហការីអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។