ចេញផ្សាយ ១០ តុលា ២០២០
214
ខេត្តព្រះវិហារ នៅព្រឹកថ្ងៃសៅរិ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោសក័ ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រមទាំងលោកទំទាវ និងសហការីបានបន្តដំណើរមកជួបសំណេះសំណាលជាមួយក្រុមបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ និងបន្លែ ចំនួន៥០គ្រួសារដែលអញ្ជើញមកពីឃុំឆែបមួយ ឃុំម្លូព្រៃមួយ ឃុំសង្កែពីរ និងឃុំសង្កែមួយ ស្រុកឆែប ដែលពិធីនេះបានរៀបចំនៅផ្ទះកសិករ ឆឹង បូ និងភរិយា សយ បូភា រស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ។ លោកប្រធានមន្ទីរបានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបថាតាមរយ:កម្មវិធីផ្សព្វផ្សាយបច្ចេក ទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE បច្ចុប្បន្ននៅក្នុងស្រុកគោលដៅចំនួន ៧ ឃុំចំនួន ៣៩ និងភូមិចំនួន ១៤២ កសិករអ្នកទទួលផលសរុបចំនួន ៩ ៧៦០គ្រួសារ។ គិតមកដល់ពេលនេះកម្មវិធីបានរៀបចំចងក្រងបណ្តុំអាជីវកម្មចំនួន ៦៥ ក្នុងនោះមានមាន៖ - បណ្តុំអាជីវកម្មបន្លែ ១៨(៣៥៤គ្រួសារ) បណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែចំនួន ២៥ (៥៧៣គ្រួសារ) - បណ្តុំអាជីវកម្មស្វាយចន្ទីចំនួន ២(១២០គ្រួសារ) - បណ្តុំអាជីវ កម្មដំឡូងមី ៣(១៤៤គ្រួសារ) - បណ្តុំអាជីវកម្មចិញ្ចឹមគោសាច់ ៤(១៤៥គ្រួសារ) - បណ្តុំចិញ្ចឹមត្រីចំនួន ២(៧២គ្រួសារ)
- បណ្តុំអាជីវកម្មដំណាំឬស្សីទំពាំងផ្អែមចំនួន ៣(១២៧គ្រួសារ) ។ បានសង់ផ្ទះសំណាញ់ ចំនួន ៦ខ្នង ជូនកសិករដែលជាសមាជិកសហគមន៍កសិកម្ម ១០០% - មានតូបលក់បន្លែសុវត្ថិភាព ២កន្លែង។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ឱកាសឲ្យកសិករ ឆឹង បូ និងភរិយា សយ បូភា ធ្វើបទបង្ហាញខ្លី១ អំពីសកម្មភាពប្រចាំថ្ងៃក្នុងនាមជាអ្នកដាំបន្លែ អាជឋិវកម្មប្រមូលទិញ និងលក់បន្លែ ប្រសិទ្ធភាពសេដ្ឋកិច្ច និងបញ្ហាប្រឈមផ្សេងៗ។ បច្ចុប្បន្នបងប្រុសកំពុងដាំបន្លែស្ពៃចង្កឹះ ត្រសក់ សណ្តែកកួរ ត្រឡាច ត្រប់វែង ត្រប់ស្រួយ ខ្ទឹមស្លឹក និងននោង។ ចំណូលបានពីអាជីវកម្មបន្លែ ប្រមូលទិញគ្រាប់ស្វាយចន្ទី បងប្រុសអាចទទួលបាន ៦០០០ ដុល្លារ/ឆ្នាំ។ ដើម្បីឲ្យជាជីវកម្មអាចដំណើរការបានពេញមួយឆ្នាំ បងប្រុសបានសំណូមពរឯកឧត្តមរដ្ឋមន្ត្រីជួយឧបត្ថម្ភអណ្តូងទឹកមួយ។ ធ្វើការសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារ និងជូនពរឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាត។ បានឃើញកសិករទទួលបានជោគជ័យទាំងបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី និរន្តរភាពនៃការផ្គត់ផ្គង់ ប្រាក់ចំណូល សមត្ថភាពនៃការផលិត និងការចងក្រងបណ្តុំអាជីវកម្ម។ល។
ឯកឧត្ដមរដ្ឋមន្រ្តីបានសម្តែងនូវទឹកចិត្តសប្បាយ រីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលកសិករ ឆឹង បូ និងកសិករផ្សេងទៀតទទួលបាននាពេលនេះ ហើយពិតណាស់ស្របទៅនឹងឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត មានសុភមង្គល ក្រោមម្លប់សុខសន្តិភាព ហើយរួមគ្នាខិតខំបន្តទៀតដើម្បីដើរឆ្ពោះទៅរកគោលដៅនាឆ្នាំ២០៣០ និង២០៥០។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាសមិទ្ធផលទាំងអស់នេះគឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយ:ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវរបស់កសិករ ឆឹង បូ ហើយពិតណាស់គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ដែលបង្កលក្ខណ:ងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត ធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំ ណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។ ត្រង់ចំណុចនេះ លោក បានស្នើសុំឲ្យកសិករខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលក្នុងគ្រួសារ និងជាពិសេសកាត់បន្ថយការនាំចូល។ ដាំ និងចិញ្ចឹមបានផលហើយ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរជួយធ្វើការបណ្តុះបណ្តាលបច្ចេក ទេសបន្ថែមលើការអនុវត្ត GAP ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ធ្វើយ៉ាងណាបង្កើនការជឿទុក ចិត្តពីអតិថិជន តាមរយ:គុណភាព សុវត្ថិភាពនៃផលិតផល និងបង្កើនតម្លៃបន្ថែម ហើយក៏គួរពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ចៀសវាងការបន្លំគុណភាព។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យនាយកគម្រោង ឬកម្មវិធីនីមួយៗត្រូវសិក្សា ឬពិនិត្យឡើងវិញដើម្បីដាក់បញ្ចូលការរៀបចំចងក្រងបណ្តុំអាជីវកម្មនៅគ្រប់សហគមន៍កសិកម្មក្នុងខេត្តគោលដៅរបស់ខ្លួន ដោយហេតុថាការចងក្រងបណ្តុំគឺជាវិធីសាស្រ្តដ៏ល្អមួយក្នុងការតភ្ជាប់រវាងអ្នកផលិត និងឈ្មួញ ធានាបរិមាណ និងនិរន្តរភាពផ្គត់ផ្គង់ គុណភាព ទីផ្សារ និងតម្លៃ។ល។ ប្រៀបដូចជាការរំដោះផលិតផលបន្លែ ត្រី សត្វចេញពីចំការ។ ដើម្បីជាការជំរុញលើកទឹកចិត្ត ឯកឧត្តមរដ្ឋមន្ត្រីបានចែកជូនកសិករនូវសម្ភារៈមានដូចជា៖ ស្បៃខៀវប្រក់ដំបូល ២៤ដុំ សំណាញ់អួន ៣១០គីឡូ ម៉ាស៊ីនកិនបន្លែ១គ្រឿង ម៉ាស៊ីនកិនចំណី ១គ្រឿង សំណាញ់ដែកបំបែកកូនមាន់ ២១ដុំ ទូភ្ញាស់កូនមាន់ ២គ្រឿង ធុងទឹក១០០០លីត្រ ចំនួន ២ ធុងទឹក៥០០លីត្រចំនួន ២ តង់ខៀវ ២ផ្ទាំងនិងសំណាញ់ទ្រើង ៤ដុំ។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្រ្តីបានជួយឧបត្ថម្ភទុនដល់សហគមន៍ចំនួនមួយលានរៀល និងសាងសង់តំបូលអាគារសហគមន៍ចំនួនពីរលានរៀល ។ ដោយឡែក ចំពោះសំណើរ កសិករ ឆឹង បូ ពាក់ព័ន្ធនឹងអណ្ដូងទឹក ឯកឧត្តមរដ្ឋមន្ត្រីបាន ឲ្យលោកប្រធានមន្ទីរចុះមកសិក្សា ហើយសន្យាថានឹងជួយឧបត្ថម្ភ ៥០%៕