ចេញផ្សាយ ១២ តុលា ២០២០
157
ស្រូវអង្ករ ដែលផលិតក្នុងខេត្តព្រះវិហារ កំពុងតែមានភាពល្បីល្បាញលើរស់ជាតិ ភាពទន់ និង ឈ្ងុយឆ្ងាញ់បែបធម្មជាតិ មិនត្រឹមតែក្នុងប្រទេសកម្ពុជាទេ គឺនៅឯសហគមន៏អ៊ឺរ៉ុប និង ប្រទេសជាច្រើនទៀត។ នេះដោយសារការដាំដុះរបស់កសិករយើងធ្វើឡើងតាមបែបធម្មជាតិ/សរីរាង្គ មិនប្រើប្រាស់សារធាតុគីមី (ដីនៅក្នុងខេត្តព្រះវិហារ នៅមានជីជាតិល្អ)។ ដើម្បីធានាគុណភាពស្រូវអង្ករ ខេត្តព្រះវិហារ នៅល្អជាទីពេញនិយមរបស់អ្នកប្រើប្រាស់ ទាំងក្នុង និង ក្រៅប្រទេសបានយូរអង្វែង តទៅមុខទៀត។ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះវិហារ បានរៀបចំប្រជុំមួយ ដើម្បីពិភាក្សាលើសេចក្តីណែនាំ (guideline) ស្តីពីស្តង់ដាអង្ករ ខេត្តព្រះវិហារ និង ឯកសារបច្ចេកទេសរបៀបផលិតស្រូវសរីរាង្ក ដែលបង្ហាញ និង ដឹកនាំការពិភាក្សាដោយលោក សុក សារ៉ង អង្កការអេកូសឺត និង លោក មាង សាវឿន អង្កការ AVSF (អ្នកទទួលការ Contracting out)។ អង្គប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តព្រះវិហារ និង មានការចូលរួមពីអ្នកមុខអ្នកការ ជាអនុប្រធាន និង មន្រ្ទីមន្ទីរ ទីប្រឹក្សាកម្មវិធី Aspire និង មន្រ្តីអង្កការ AVSF/Ecocert ចំនួន ១២នាក់ ស្រី ១នាក់។ ជាចុងក្រោយ អង្គប្រជុំបានពិភាក្សាកែតម្រូវ និង ឯកភាពជាបឋមលើសេចក្តីណែនាំ (guideline) ខាងលើ។