ចេញផ្សាយ ០៣ កុម្ភៈ ២០២១
164
សាខាកក្រក ខេត្តព្រះវិហារ៖នៅរសៀលថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២១ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុករវៀង ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ប្រចាំអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង ក្រោមអធិបតីភាពលោក ពឹង ទ្រីដា អនុប្រធានគណ:កម្មាធិការសាខា តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។
នៅក្នុងឱកាសនោះដែរលោក ពឹង ទ្រីដា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើសូមជូនសមាជិក សមាជិកា អនុសាខាទាំងអស់ ត្រូវ៖
1-បន្តរក្សាសាមគ្គីផ្ទៃក្នុងអោយបានកាន់តែជិតស្នទ្ធ និងសុខដុមរមណីកម្ម ។
2បន្តពង្រឹងសមត្ថភាពមន្ត្រីអនុសាខា ។
3-បន្តពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា បំពេញ ការងារតាមគោលការណ៍ទាំង៧ របស់ចលនា ធ្វើសកម្មភាពដូចភ្លៀងរលឹម ។
4-បន្តពង្រឹង ពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជា អោយនៅតែជាបណ្តាញដ៏រឹងមាំ និងជាកម្លាំងចលករនៃសេវាកម្មមនុស្សធម៌ មាននិរន្តរភាព និងប្រកបដោយប្រសិទ្ធភាព ។
5-បន្តការគាំទ្រ ពង្រឹង ពង្រីក សមាជិកភាព និងកៀរគរសប្បុរសជន ។
6-បន្តលើកកម្ពស់ចងក្រងឯកសារ ថែទាំសមិទ្ធផលរបស់កាកបាទក្រហមកម្ពុជា ដែលផ្តល់ជូនសហគមន៍ ។
7-បន្តពង្រឹង និងលើកកម្ពស់របបរាយការណ៍ សកម្មភាព និងរបាយការណ៍វឌ្ឍនភាពរបស់អនុសាខា និងផ្តល់របាយការណ៍ អោយបានទាន់ពេលមកសាខាអោយបានទាន់វេលា ។
បន្ទាប់មកក៏បានធ្វើការផ្សព្វផ្សាយពីគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជា ជូនដល់សមាជិក សមាជិកា គណៈកិត្តិយស គណៈកម្មាធិការអនុសាខា ក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាប្រចាំភូមិ ផងដែរ ។