”អង្ករព្រះវិហារ” ជាម៉ាកសមូហភាពមួយទៀត ដែលក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសមូហភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទុកជាទ្រព្យកម្មសិទ្ធិបញ្ញារួម
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២២
68
(ខេត្តព្រះវិហារ)៖ នៅថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំឆ្លូវ ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយអាជ្ញាធរខេត្តព្រះវិហារ និងអង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យគ្មានព្រំដែន (AVSF) និងកម្មវិធី ASPIRE ដែលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ដើម្បីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសមូហភាព “អង្ករព្រះវិហារ” ដែលជាទ្រព្យកម្មសិទ្ធិបញ្ញារួម សម្រាប់បម្រើផលប្រយោជន៍របស់សមាជិកសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ។ ពិធីនេះ បានធ្វើឡើងក្រោមអធិបតីរបស់ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម មុត ភិសិទ្ធនា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំ-មន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មន្ទីរពាក់ព័ន្ធក្នុងខេត្តព្រះវិហារ ព្រមទាំងតំណាងមកពីអង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យគ្មានព្រំដែន (AVSF) តំណាងរបស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ តំណាងមកពីវិស័យឯកជន ក្រុមហ៊ុន សមាគមន៍ សហគមន៍ និងក្រុមអ្នកផលិតជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ការចុះបញ្ជីម៉ាកសមូហភាពនេះ គឺជាការធានាផ្លូវច្បាប់ដើម្បីឱ្យការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំផលិតផល បង្កើនកេរ្តិ៍ឈ្មោះ និងជំនឿទុកចិត្តពីអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ចុងក្រោយ “អង្ករព្រះវិហារ” ។ ឯកឧត្តមបន្តថា ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) និងដៃគូអភិវឌ្ឍន៍ បានបន្តការគាំទ្រទាំងហិរញ្ញវត្ថុ និងឧបករណ៍កែច្នៃ ដូចជា៖ ម៉ាស៊ីនកិនស្រូវខ្នាតតូច ម៉ាស៊ីនចាប់គ្រួស ឬថ្ម ម៉ាស៊ីនញ៉ែកគ្រាប់អង្ករ និងឧបករណ៍ផ្សេងៗទៀត ព្រមទាំងបានជួយពង្រឹងសមត្ថភាពការរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងអាជីវកម្ម ការធ្វើទីផ្សារ និងបច្ចេកទេសកែច្នៃដល់សហគមន៍កសិកម្មចំនួន ១៣ ក្នុងស្រុកចំនួន ៦ ក្នុងខេត្តព្រះវិហារ រួមមាន៖ ស្រុកឆែប ស្រុកជ័យសែន ស្រុកជាំក្សាន្ត ស្រុកគូលេន ស្រុកត្បែងមានជ័យ និងស្រុករវៀង លើពីនេះក៏បានជួយរៀបចំកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “អង្ករព្រះវិហារ” និងការស្វែងរកទីផ្សារ “អង្ករព្រះវិហារ” ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា គោលបំណងនៃការចុះបញ្ជីម៉ាកសមូហភាព “អង្ករព្រះវិហារ” គឺដើម្បី៖ ១- ផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលជាម្ចាស់ម៉ាកសមូហភាព ក្រោមច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសមូហភាព “អង្ករព្រះវិហារ” នៅលើទីផ្សារជាតិ និងអន្តរជាតិ ២- អភិរក្សចំណេះដឹង-ចំណេះធ្វើតាមបែបប្រពៃណីរបស់ប្រជាកសិករក្នុងខេត្តព្រះវិហារ តាមរយៈការរៀបចំចងក្រងបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព “អង្ករព្រះវិហារ” ៣- ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “អង្ករព្រះវិហារ” ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដាំដុះ និងទាក់ទាញភ្ញៀវទេសចរ ៤- លើកកម្ពស់គុណភាព និងស្តង់ដារអនាម័យនៃម៉ាកសមូហភាព “អង្ករព្រះវិហារ” ៥- បង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់។ ឯកឧត្តមរដ្ឋលេខាធិការសង្កត់ធ្ងន់ថា ម៉ាកសមូហភាព “អង្ករព្រះវិហារ” មិនត្រឹមតែជាអត្តសញ្ញាណផលិតផលរបស់សហភាពសហគមន៍ក្នុងខេត្តព្រះវិហារតែមួយប៉ុណ្ណោះទេ ប៉ុន្តែម៉ាកសមូហភាពនេះ នឹងក្លាយជាផ្នែកមួយនៃការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងវប្បធម៌ប្រពៃណីរបស់ប្រជាជនកម្ពុជាក្នុងឆាកអន្តរជាតិផងដែរ។ ហេតុនេះ ការថែរក្សា និងធានាបាននូវកេរ្តិ៍ឈ្មោះ “អង្ករព្រះវិហារ” និងការទាញអត្ថប្រយោជន៍ពីការចុះបញ្ជីម៉ាកសមូហភាពនេះ គឺពិតណាស់អាស្រ័យលើការទទួលខុសត្រូរបស់សមាជិកម្នាក់ៗនៅក្នុងសហគមន៍ ដែលចាំបាច់ត្រូវមានសាមគ្គីភាព ភាពស្មោះត្រង់ សុចរិត និងអភិបាលកិច្ចគ្រប់គ្រងល្អ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ទើបម៉ាកសមូហភាព “អង្ករព្រះវិហារ” ផ្តល់នូវគុណតម្លៃពិតប្រាកដ ព្រមទាំងធានានូវនិរន្តភាពសម្រាប់អ្នកជំនាន់ក្រោយ។ នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលគួរជាទីមោទន ដែលផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា និងកិច្ចសហការយ៉ាងល្អក្នុងភាពជាដៃគូ ក្នុងនោះមានក្រសួងពាណិជ្ជកម្ម តាមរយៈនាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការ មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ ព្រមទាំងមានការគាំទ្រពីរដ្ឋបាលខេត្តព្រះវិហារ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ និងដៃគូអភិវឌ្ឍន៍ ដូចជា អង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) ទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍន៍ប្រចាំប្រទេសកម្ពុជា អង្គការ IFAD និង ASPIRE។ ជាពិសេស ការចូលរួមប្រកបដោយភាពជាម្ចាស់របស់ប្រជាកសិករ និងសហគមន៍កសិកម្ម ក្នុងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលសម្រេចបានការចុះបញ្ជីម៉ាកសមូហភាព “អង្ករព្រះវិហារ” នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដែលជាឧត្តមប្រយោជន៍ដល់សមាជិកទាំងអស់ក្នុងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ។ សូមជម្រាបជូនថា រួមជាមួយនឹងពិធីសម្ពោធនេះ ក៏មានការចូលរួមដាក់តាំងបង្ហាញ និងលក់ផលិតផលម៉ាកសមូហភាព “អង្ករព្រះវិហារ” និងផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” និង “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងម៉ាកសមូហភាព “អំបុកកំពង់ធំ” ព្រមទាំងផលិតផលកសិកម្មផ្សេងៗទៀតផងដែរ៕
ចំនួនអ្នកចូលទស្សនា
Flag Counter