ទុរេនជាប្រភេទដំណាំឈើហូបផ្លែដាំដុះទទួលបានប្រាក់ចំណូលខ្ពស់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបងប្អូនប្រជាកសិករក្នុងខេត្តព្រះវិហារបាននាំគ្នាដាំដុះបានច្រើន
ចេញ​ផ្សាយ ០៨ កក្កដា ២០២២
247

ខេត្តព្រះវិហារ៖  ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា កាលពីថ្ងៃចុងសប្តាហ៍មុននេះ បានចុះពិនិត្យលើការដាំដុះដំណាំទុរេនរបស់ ក្រុមហ៊ុនធីខេវ៉ាយហ្វាម ដែលបាននិងកំពុងទទួលផលទុរេន លើផ្ទៃដីប្រមាណជាង ២០០ហិចតា។ រីឯ នាយកប្រតិបត្តិក្រុមហ៊ុននេះ រំពឹងថា ការដាំទុរេននឹងមានសន្ទុះទៅមុខ និងអាចនាំទៅកាន់ទីផ្សារក្រៅស្រុក មានការកើនឡើងទ្វេរដង ចាប់ពី១២០តោន រហូតដល់ ៥០០តោន នៅឆ្នាំ២០២៣ ខាងមុខនេះ។

នាយកប្រតិបត្តិ​ក្រុមហ៊ុនធីខេវ៉ាយហ្វាម​ លោក យី ស៊ីណាត បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនលោក គឺជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានដាំដំណាំទុរេន មានលក្ខណៈទ្រង់ទ្រាយធំជាងគេ នៅលើផ្ទៃដីលាតសន្ធឹងប្រមាណជាង ២០០ហិចតា នៅក្នុងខេត្តព្រះវិហារនេះ។ ហើយលោករំពឹងថា ការនាំចេញសាច់ទុរេនទៅកាន់ទីផ្សារប្រទេសចិន នឹងកើនដល់ ៥០០តោន នៅក្នុងរដូវកាលប្រមូលផល ក្នុងឆ្នាំ២០២៣ខាងមុខ។ក្រុមហ៊ុនធីខេវ៉ាយហ្វាម មានមូលដ្ឋានដាំដុះដំណាំទុរេន ស្ថិតក្នុងភូមិសាស្ដ្រ ភូមិអូរពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

លោក យី ស៊ីណាត​ បានថ្លែងឲ្យដឹងទៀតថា ធីខេវ៉ាយហ្វាម ជាក្រុមហ៊ុនដ៏ធំមួយ ដែលបានបង្កើតឡើងដោយកូនខ្មែរ និងទទួលបានជោគជ័យ ក្នុងការវិនិយោគលើដំណាំទុរេន ជាមួយនឹងពូជដំណាំទុរេន ៣ប្រភេទ រួមមាន៖ ប្រភេទទុរេនម៉ាន់ថងទឹកដោះគោស្ងួត ទុរេនឪខាក់ និងទុរេនមូសានឃីង លើបរិមាណជាង ១ម៉ឺន ៦ពាន់ដើម និងមានទុរេនដែលកំពុងទទួលផលប្រមាណជាង ៤ពាន់ដើម។លោក យី ស៊ីណាត បានបន្តថា “ទុរេនដែលក្រុមហ៊ុនយើងខ្ញុំកំពុងដាំនេះ អាចនិយាយថា ជាទុរេនប្រេនព្រះវិហារ មានរសជាតិបែបព្រះវិហារ សម្គាល់ខេត្តរបស់យើង ព្រោះយើងគិតថា ប្រវត្តិសាស្ដ្ររាប់រយឆ្នាំហើយ ខេត្តព្រះវិហារយើង ដែលជាប្រភេទដីស មិនដែលមានកសិដ្ឋានធំរាប់រយហិកតា ដែលដាំទុរេនជោគជ័យបែបនេះទេ”។ ហើយសម្រាប់ទិន្នផលឆ្នាំនេះក្រុមហ៊ុនទទួលបានផលច្រើនគួរសម បើធៀបទៅនឹងឆ្នាំកន្លងទៅ គឺកើនរហូតដល់ទៅ ២ដងឯណោះ។នាយកប្រតិបត្តិ​ក្រុមហ៊ុនធីខេវ៉ាយហ្វាម​ បានបញ្ជាក់ថា “ទុរេនដែលយើងកំពុងប្រមូលផលនេះ មានអាយុពីចាប់៧ ទៅ ៨ឆ្នាំ ហើយផលដែលទទួលបានក្នុង១ដើម ចន្លោះចាប់ពី៤០ផ្លែ ទៅ៦០ផ្លែ ហើយចំពោះការប្រមូលផលក្នុងមួយថ្ងៃ ចន្លោះចាប់ពី ៦តោន ទៅ ១០តោន។ ដោយឡែក ចំពោះទិន្នផលវិញ ឆ្នាំនេះយើងទទួលបានគុណនឹងពីរដងឯណោះ បើប្រៀបធៀបនឹងទិន្នផលកាលពីឆ្នាំកន្លងទៅ យើងទទួលបានផលតែជាង ១០០តោន ប៉ុណ្ណោះ ខណៈឆ្នាំនេះយើងប៉ាន់ប្រមាណថា នឹងទទួលបានប្រមាណជាង ៣០០តោន”។លោក យី ស៊ីណាត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ក្រុមហ៊ុន ធីខេវ៉ាយហ្វាម បាននិងកំពុងធ្វើការនាំចេញសាច់ទុរេនជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន នូវប្រភេទពូជទុរេនម៉ាន់ថង ក្នុងបរិមាណ ១២០តោន ខណៈមកទល់ពេលនេះ ក្រុមហ៊ុនបានធ្វើការផ្គត់ផ្គង់ជូនដល់ដៃគូរក្នុងប្រទេសចិន បានជាង ៥០តោនរួចហើយ ហើយនៅឆ្នាំក្រោយនេះ ក្រុមវិនិយោគចិនបានបើកភ្លើងខៀវ ឱ្យក្រុមហ៊ុនពង្រីកបរិមាណនាំចេញ ឱ្យធំជាងហ្នឹងរហូតដល់ ៥០០តោន បន្ថែមទៀត។នាយកប្រតិបត្តិ​ក្រុមហ៊ុនធីខេវ៉ាយហ្វាម​ លោក យី ស៊ីណាត​ បានបញ្ជាក់ទៀតថា “សម្រាប់ពូជប្រភេទម៉ាន់ថង យើងមានទីផ្សារសម្រាប់លេខ១ យើងបានបកសាច់នាំចេញ ទៅកាន់ស្រុកចិន និងផ្គត់ផ្គង់ទៅឱ្យដៃគូរនៅតាមបណ្ដាផ្សារទំនើបក្នុងទីក្រុងភ្នំពេញ ហើយប្រភេទលេខ២ យើងបានផ្គត់ផ្គង់នៅទូទាំង ២៥រាជធានី-ខេត្ត។លោកថា សម្រាប់ទីផ្សារប្រទេសចិន យើងបានប៉ានប្រមាណថា នឹងនាំចេញឱ្យបាន១២០តោន ខណៈពាក់កណ្ដាលរដូវប្រមូលផលឆ្នាំនេះ យើងបានផ្គង់ផ្គង់ប្រមាណ ៥០តោនរួចស្រេចហើយ។ លោកបន្តថា បើតាមដៃគូរដែលនាំចេញទៅកាន់ស្រុកចិន រសជាតិដែលយកទៅ គឺគេទទួលស្គាល់តែម្ដង អញ្ចឹងឆ្នាំក្រោយ គេឱ្យយើងពង្រីកកុងត្រា ឱ្យបានធំជាងមុន ហើយបរិមាណក្រុមហ៊ុនធីខេវ៉ាយហ្វាម រំពឹងថា នឹងអាចនាំចេញឱ្យបាន ៥០០តោន នៅរដូវកាលប្រមូលផលឆ្នាំក្រោយ”។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានថ្លែង ថា ផ្លែទុរេនរបស់ប្រជាកសិករនៅខេត្តព្រះវិហារ មានការប្រមូលផលល្អគួរឲ្យគត់សំគាល់ ព្រោះត្បិតពីមួយឆ្នាំ ទៅមួយឆ្នាំ គឺមានការកើនឡើងជាបន្តបន្ទាប់ ហើយរស់ជាតិផ្អែមឆ្ងាញ់ ខុសពីរសជាតិផ្លែទុរេន ដែលមានដាំដុះនៅតាមបណ្ដាខេត្ត និងតំបន់ផ្សេងៗ រហូតដល់មានការវិនិយោគ សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិនទៀតផង ដែលនេះបានសបង្ហាញឱ្យឃើញថា ទុរេនដែលដាំដុះនៅក្នុងខេត្តព្រះវិហារ ក៏អាចចាត់ទុកថា ជាទុរេនជាប់លំដាប់ល្អជាងគេមួយដែរ ដោយសារមានការទទួលស្គាល់រសជាតិ ទាំងជាតិ និងអន្ដរជាតិបែបនេះ។លោក ពឹង ទ្រីដា បានថ្លែង ជំរុញ និងលើកទឹកចិត្ត ដល់ប្រជាជនខ្មែរ ឲ្យចូលរួមគាំទ្រកសិផលក្នុងស្រុក ដែលក្រៅពីអាចជួយបង្កើនកម្រិតសេដ្ឋកិច្ច របស់ប្រជាកសិករខ្មែរ ក៏ដូចជាសង្គមជាតិទាំងមូល ដោយសារតែទិន្នផលទាំងនេះ ត្រូវបានផលិតចេញពីស្នាដៃកូនខ្មែរពិតៗ ទោះបីជាផ្លែឈើក្នុងស្រុក មានតម្លៃខ្ពស់ជាងរបស់នាំចូលក៏ពិតមែន ប៉ុន្តែ ការដាំដុះប្រកបដោយការយកចិត្តទុកដាក់ ផ្ដោតលើគុណភាព និងសុខភាពអ្នកបរិភោគ៕

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter